គ្រួសារយករទេះធ្វើផ្ទះ យកមេឃធ្វើដំបូល ទទួលការសន្តោសប្រណី
ខេត្តបន្ទាយមានជ័យ ៖
បន្ទាប់ពីកោះសន្តិភាពបានសរសេររឿងរ៉ាវគ្រួសារក្រីក្រមួយ
យករទេះធ្វើផ្ទះ មេឃធ្វើដំបូល
រស់នៅយ៉ាងកំសត់លើដីទំនេររបស់អ្នកស្រុក ក្នុងភូមិស្ទឹងបត់
សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីពេលថ្មីៗនោះ
ក៏មានសប្បុរសជនមួយគ្រួសារ ជាអាជីវករនៅសង្កាត់ភ្នំពេញថ្មី
រាជធានីភ្នំពេញ បានផ្តល់ថវិកាចំនួន300$ តាមរយៈភ្នាក់ងារកោះសន្តិភាព
ប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់គ្រួសារមួយនេះ ។
សប្បុរសជនខាងលើឈ្មោះសេង
ងួនលី ភេទប្រុស អាយុ៦៥ឆ្នាំ ជាអាជីវករនៅសង្កាត់ភ្នំពេញថ្មី ។
ថវិកាដ៏សប្បុរសនេះ របស់គ្រួសារខាងលើ
គឺភ្នាក់ងារកោះសន្តិភាពទទួលបានតាមរយៈវេរវីង បានប្រគល់ដល់ដៃគ្រួសារក្រីក្រនេះ
កាលពីព្រឹកថ្ងៃទី០៦ ឧសភា ២០១៦ ដល់កន្លែងស្នាក់នៅតែម្តង ។
ចំពោះអំណោយជាសប្បុរសធម៌ជួយដល់គ្រួសារក្រីក្រនេះ
ក្រោយពីគេហទំព័រ និងកាសែតកោះសន្តិភាព បានចេញផ្សាយឃើញថា
សប្បុរសជននានាជាច្រើន មានទាំងអាជ្ញាធរ, អ្នកសារព័ត៌មាន អាជីវករ
ក្នុងនោះ មានទាំងព្រះសង្ឃមកពីវត្តចំនួន២ ក្នុងក្រុងប៉ោយប៉ែត
បានយកអំណោយជាគ្រឿងឧបភោគ បរិភោគ
រួមទាំងថវិកាទៅជួយដល់គ្រួសារជាបន្តបន្ទាប់ ។
ចំពោះគ្រួសារក្រីក្រមួយនេះ លោកស្រីប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ
បានមានប្រសាសន៍ឱ្យកោះសន្តិភាពដឹងតាមទូរស័ព្ទថា
អាជ្ញាធរខេត្តមិនព្រងើយកន្តើយទេ គឺបាននិងកំពុងរិះរកដីសង្គមកិច្ច
ដើម្បីសាងសង់ជាជម្រកឲ្យបានរស់នៅ
និងជួយកូនក្នុងបន្ទុកឲ្យបានចូលរៀនសូត្រទៀតផង ។
ចំណែកលោកគាត
ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលប្រាប់កោះសន្តិភាពថា
គ្រួសារខាងលើកកាលពីរសៀលថ្ងៃទី០៤ ឧសភា
លោកបានឱ្យក្រុមការងារយកអំណោយជាគ្រឿងឧបភោគ-បរិភោគ
និងថវិកាមួយចំនួនទៅចែកជូនរួចហើយ ។ លោកចៅសង្កាត់រូបនេះបញ្ជាក់ថា
គ្រួសារមួយនេះកន្លងមក សង្កាត់របស់លោកតែងតែយកអំណោយទៅប្រគល់ជូន៤
ទៅ៥ដងរួចហើយ ដោយម្តងៗគិតជាប្រាក់មិនក្រោមពី150$ ទៅ200$នោះទេ
។លោកគាត ហ៊ុល បញ្ជាក់ថា ដោយសារគ្រួសារមួយនេះ
ចល័តទីលំនៅម្តងទៅនេះម្តងទៅនោះ ទើបអាជ្ញាធរពិបាកក្នុងការតាមរក ។
យ៉ាងណាក៏ដោយ
គ្រួសារខាងលើបានសម្តែងការត្រេកអរយ៉ាងខ្លាំង នៅពេលឃើញអាជ្ញាធរ
និងសប្បុរសជន មានទាំងព្រះសង្ឃយកអំណោយទៅចែកជូនពួកគាត់
ដែលកំពុងជួបនូវកង្វះខាត និងផ្ទុកមេរោគអេដស៍ផងនោះ ។
គ្រួសារមួយនេះ បានបួងសួងសុំឱ្យវត្ថុស័ក្តិសិទ្ធិ
ក្នុងលោកជួយបីបាច់ថែរក្សាដល់គ្រប់ម្ចាស់អំណោយ
ឱ្យជួបប្រទះតែសេចក្តីសុខ និងសេចក្តីចំរើនរកទទួលទានមានបាន
និងមានសុភមង្គលគ្រប់ៗគ្នា ។
គួរបញ្ជាក់ថា
គ្រួសារក្រីក្រខាងលើ ប្តីឈ្មោះសុខ វៃ អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះបេង
មុំ អាយុ៣១ឆ្នាំ និងមានកូនស្រី២នាក់ម្នាក់ឈ្មោះសុខ លីណា
អាយុ៦ឆ្នាំ និងម្នាក់ឈ្មោះសុខ ចាន់រ៉ា អាយុ១ឆ្នាំ ។ គ្រួសារមួយនេះ
មានផ្ទុកមេរោគអេដស៍ រហូតដល់ទៅ៣នាក់ លើកលែងតែកូនស្រីច្បង ។
ប្រភព៖ កោះសន្ថិភាព
គ្រួសារយករទេះធ្វើផ្ទះ យកមេឃធ្វើដំបូល ទទួលការសន្តោសប្រណី
Reviewed by KHMER-INSIDER
on
May 06, 2016
Rating:

មតិយោបល់