តាមចាប់ចោរ លួចគាស់គល់ធ្នង់ តម្លៃរាប់ពាន់ដុល្លារ
ខេត្តរតនគីរី ៖
គល់ធ្នង់ដ៏ធំមួយត្រូវបានពលរដ្ឋរាយការណ៍ថា
មានក្រុមចោរចូលលួចដឹកចេញពីក្នុងដីចំការរបស់ពួកគាត់
ហើយបានដឹកជញ្ជូននៅពេលព្រឹក ដោយស្ងាត់ៗ
លុះម្ចាស់ចំការតាមរកគ្រប់ច្រកល្ហកដល់វេលាល្ងាចក៏តាមទាន់
ស្រាប់តែមានលេចមុខប៉ូលិសមួយក្រុមចេញមកថា ដឹកយកទៅដាក់នៅអធិការដ្ឋានស្រុកបរកែវ
។
សកម្មភាពតាមរកនិងចោទប្រកាន់ថា
មានចោរលួចដឹកគល់ឈើធ្នង់យក្យនេះ
បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ ឧសភា ស្ថិតនៅភូមិរយ
ឃុំកិចុងស្រុកបរកែវ ។
ម្ចាស់ចំការឈ្មោះសេង សុងហាន ភេទប្រុស
អាយុ៤៧ឆ្នាំ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង
ក្រុងបានលុងបានឱ្យដឹងថា ឈើគល់ធ្នង់យក្យមួយដើមនេះ
មាននៅក្នុងដីចំការរបស់គាត់ ស្ថិតក្នុងភូមរយ ឃុំកិចុង ស្រុកបរកែវ
ហើយត្រូវបានក្រុមចោរចូលលួចគាស់នៅពេលយប់ ក្នុងអំឡុបុណ្យចូលឆ្នាំខ្មែរ
ពេលដែលគាត់ជាម្ចាស់ចំការ ជាប់ទៅការកូននៅខេត្តកំពង់ចាម។ គាត់បន្តថា
ការជីកយកគល់ធ្នង់់នោះ គេធ្វើឡើងនៅពេលយប់ ប្រើពេលវេលា១៤ថ្ងៃ ។
ក្រោយមកគាត់បានធ្វើរបងព័ទ្ធគល់នោះទុក ហើយធ្វើការស្រាវជ្រាវដោយសំងាត់
តាមរកអ្នកដែលចូលលួចគាស់គល់ធ្នង់នោះ នៅតែរកមិនឃើញដដែល ។
លុះដល់ថ្ងៃ១១ ឧសភា
ស្រាប់តែលេចមុខឈ្មោះម៉េត សាវុធ ភេទប្រុស អាយុជាង៣០ឆ្នាំ
រស់នៅភូមិកើតហេតុខាងលើ រួមទាំងបក្យពួកយកគោយន្តច្នៃ
មកលើកដាក់ដឹកចេញទៅ។ ពេលនោះគាត់ជាម្ចាស់ចំការ
បានដេញតាមទាន់ឃាត់ឱ្យឈប់ រួចគេក៏ទម្លាក់គល់នោះនៅក្នុងចំការកៅស៊ូក្បែរនោះ
។
ប្រភពបន្តថា
រហូតដល់វេលាម៉ោង៣រសៀលថ្ងៃដដែល
ស្រាប់តែគោយន្តច្នៃដដែលនិងក្រុមបក្យពួក
មកលើកគល់ធ្នង់នោះដឹកបន្តទៀត ។
ពេលនោះម្ចាស់ចំការបានជិះម៉ូតូដេញតាមរកបន្តទៀត រហូតតាមទាន់នៅលើផ្លូវជាតិលេខ៧៨
ជិតដល់ទីរួមស្រុកបរកែវ ។
មួយសន្ទុះស្រាប់តែឃើញកំលាំងនគបាលមួយក្រុមមកសំឡុតម្ចាស់ចំការ
និងក្រុមអ្នកកាសែតដែលបានតាមប្រម៉ាញ់ព័ត៌មាននេះ ។ មួយសន្ទុះក្រោយមក
ទើបនគបាលនោះបញ្ជាឱ្យរថយន្តបើកទៅមុខ ហើយប្រាប់ថាយកទៅទុកនៅអធិការដ្ឋានបរកែវ
។
ការទំនាក់ទំនងទៅលោកជួប
សុវណ្ណារក្ស័អធិការស្រុកបរកែវ តាមទូសព្ទ័លោកបានប្រាប់ថា គល់ឈើនោះ
គឺរូបលោកបញ្ជាឱ្យកូនចៅ ទៅដឹកយកមកដាក់នៅអធិការដ្ឋានមែន
ហើយក៏បិទទូរសព្ទ័បាត់ទៅ ដូចជាចង់លាក់បាំង។ លោករចំ ផង់
មេភូមិរយបានឱ្យដឹងថា គល់ឈើធ្នង់់នោះ គាត់បានដឹងដែរ
ថាមានក្រុមចោរចូលលួចគាស់យកពីក្នុងចំការនោះមែន
ហើយក៏បានទំលាក់ទុកវិញ ក្រោយមកគាត់មិនដឹងទៀតទេ ។
ពលរដ្ឋក្នុងភូមិបានដាក់ការសង្សយ័ថា នេះជាករណីពាលស៊ីពាល ព្រោះពេលដែលចុះទៅដឹកគល់ឈើធ្នង់់នោះ
មិនឃើញមានកំលាំងចូលរួមហើយក៏មិនឃើញមានសមត្ថកិច្ចអីដែរ
ឃើញតែក្រុមចោរដែលចូលលួចគាស់គល់
និងបក្សពួកព្រមទាំងគោយន្តច្នៃដែលដឹកពីព្រឹក ត្រូវម្ចាស់ចំការឃាត់
ហើយថែមទាំងបើកបរបង្វែងដានតាមព្រៃកៅស៊ូ ព្រោះខ្លាចម្ចាស់តាមទាន់ទំនងបំរុងដឹក
យកទៅលក់ឱ្យឈ្មួញនៅទីរួមស្រុកបរកែវ តែត្រូវបែកការណ៍ដល់អ្នកកាសែត
ក៏ត្រូវបង្វិលចូលអធិការដ្ឋានវិញ ។
តាមប្រភពខ្លះថា គល់ធ្នង់់នោះ
មានតំលៃរាប់ពាន់ដុល្លារ ហើយក្នុងរយះពាលនេះ លោកសេង សុងហាន ម្ចាស់ចំការបានប្រាប់ថា
លោកកំពុងធ្វើពាក្យបណ្តឹងទៅសមត្ថកិច្ច ពីឈ្មោះម៉េត សាវុធ
ពីបទចូលលួចគាស់គល់ធ្នង់់ពីក្នុងចំការរបស់គាត់ ហើយមជ្ឈដ្ឋាននានា
ក៏កំពុងចាំមើលតើសមត្ថកិច្ចមានចំណាត់ការបែបណាដែរ លើករណីនេះ ៕
ប្រភព៖ កោះសន្ថិភាព
តាមចាប់ចោរ លួចគាស់គល់ធ្នង់ តម្លៃរាប់ពាន់ដុល្លារ
Reviewed by KHMER-INSIDER
on
May 13, 2016
Rating:

មតិយោបល់