ងោកមួយភាំង របួសធ្ងន់ស្រាល៧នាក់
រាជធានីភ្នំពេញ ៖
អ្នកបើករថយន្តក្រុងដឹកអ្នកដំណើរម្នាក់កៀបជាប់ក្នុងរថយន្តបាក់ជើង
និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ ព្រមទាំង៥នាក់ទៀតរងរបួសស្រាល
ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរងងុយដេកងោករួចក៏រេចង្កូតទៅបុកជាប់បង្កាន់ដៃស្ពានកៀបជាប់រថយន្តទៅមុខលែងរួច
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៤ ឧសភា
ឆ្នាំ២០១៦ ត្រង់ចំណុចស្ពានទី១ ក្បែរវត្តព្រែកលៀប
តាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា
មុនពេលកើតហេតុរថយន្តបង្កជារថយន្តក្រុងរបស់ក្រុមហ៊ុន ថោង ស៊ីន
ដឹកអ្នកដំណើរ ពីខេត្តព្រះវិហារមកភ្នំពេញ មានដឹកមនុស្សសរុបទាំងអស់១៤នាក់
ដោយចេញដំណើរពីខេត្តព្រះវិហារតាំងពីម៉ោង៦ល្ងាចរហូតមក
លុះដល់ចំណុចស្ពានថ្មទី១
ស្រាប់តែអ្នកបើកបរងងុយដេកងោកមួយភាំងបណ្ដាលរេចង្កូតទៅបុកជាប់បង្កាន់ដៃស្ពានថ្មធ្វើឲ្យរថយន្តកៀបជាប់បង្កាន់ដៃស្ពាន
ធ្លាក់អ្នកដំណើរជាស្ត្រីម្នាក់ដែលអង្គុយនៅខាងមុខរងរបួសធ្ងន់
និង៥នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើករថយន្តកៀបជាប់ក្នុងរថយន្តបាក់ជើងគាស់តាំងពីយប់រហូតដល់ម៉ោង៧ព្រឹកទើបអាចគាស់យកចេញបាន
ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ប្រភពព័ត៌មានបានឲ្យដឹងថា
រថយន្តបង្កមិនបានក្រឡាប់ឬធ្លាក់ចូលប្រឡាយទេ
គឺរេចង្កូតទៅបុកជាប់នឹងបង្កាន់ដៃស្ពានធ្វើឲ្យរថយន្តខ្ទេចផ្នែកខាងមុខ
និងដាច់កង់ជ្រុះកញ្ចក់ ចំណែកបង្កាន់ដៃស្ពានបាក់អស់មួយប្រលោះ ។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់២នាក់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត
ចំណែកអ្នករងរបួសស្រាល៥នាក់ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។
ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
រង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕
ប្រភព៖ កោះសន្ថិភាព
ងោកមួយភាំង របួសធ្ងន់ស្រាល៧នាក់
Reviewed by KHMER-INSIDER
on
May 14, 2016
Rating:

មតិយោបល់