ឪពុក​មាន​តែ​ដៃ​ម្ខាង​ខំ​អា​ឈើ​យក​លុយ​ឱ្យ​កូន​រៀន​ទាល់​តែ​ចប់


យុវជន​ម្នាក់​ឈ្មោះ​ថា Trang ​បាន​ក្រាប​សំពះ​បាត​ជើង​ឪពុក​របស់​ខ្លួន​ដែល​មាន​តែ​ដៃ​ម្ខាង​ខំ រក​ស៊ី​អា​ឈើ​យក​ប្រាក់​ឱ្យ​កូន​រៀន​រហូត​ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ​វិទ្យា​នៅ​សាកល​វិទ្យាល័យ​នៅ​ទីក្រុង​បាងកក។

រឿង​រ៉ាវ​ដ៏​កម្សត់​នេះ​ត្រូវ​បាន​បែកធ្លាយ បន្ទាប់​ពី​និស្សិត​កម្សត់​រូប​នេះ​យក​សញ្ញាបត្រ​របស់​ខ្លួន​ដែល​ទើប​រៀន​ចប់​ជូន​ដល់​លោក​ឪពុក ដល់​កន្លែង​អា​ឈើ ហើយ​អ្នក​កាសែត​បាន​ឃើញ​រូប​ភាព​នោះ ក៏​ចុះ​ទៅ​សម្ភាសន៍​តែ​ម្ដង។ ក្នុង​កិច្ចសម្ភាសន៍ លោក​ឪពុក​ដ៏​សែន​ល្អ​រូប​នេះ បាន​បញ្ជាក់​ថា​មក​ពី​ជីវិត​របស់​គាត់​ពិបាក​ខ្លាំង​ហ្នឹង​ហើយ ទើប​ធ្វើ​ឱ្យ​លោក​សម្រេច​ចិត្ត​ប្រឹង​អស់​មួយ​ជីវិត​នេះ ដើម្បី​បាន​ប្រាក់​ជួយ​កូន​ឱ្យ​រួច​ផុត​ពី​ការ​រក​ស៊ី​ប្រើ​កម្លាំង ដូច​សត្វ​ធាតុ​នេះ។

ចំណែក​ឯ​កូន​ប្រុស​វិញ បាន​និយាយ​ដែរ​ថា​លោក​យក​ប្រាក់​ឪពុក​ទៅ​រៀន​ម្ដង​ណា​ក៏​ទឹក​ភ្នែក​ស្រក់​ចុះ​ដែរ ព្រោះ​ថា​គាត់​ខំ​ខ្លាំង​ណាស់ ទោះ​ជា​ឈឺ​ក៏​មិន​បាន​សម្រាក​ដែរ ដើម្បី​បាន​ប្រាក់​នេះ។ ត្បិត​តែ​មិន​អាច​ជួយ​ឪពុក​វិញ​បាន​ភ្លាម​ៗ តែ​រូប​គេ​បាន​បញ្ជាក់​ថា​ប្រាក់​ដែល​ពុក​ឱ្យ​ទាំង​អស់​មិន​ដែល​ចាយ​វាយ​ទៅណា​ទេ ក្រៅ​ពី​ទិញ​សៀវភៅ​រៀន​និង​បង់​ថ្លៃ​សាលា​តិច​តួច​ប៉ុណ្ណោះ។

រៀន​ចប់​បាន​បរិញ្ញាបត្រ​មួយ​នេះ យុវជន​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា​លោក​នឹង​យក​ទៅរក​ការងារ​ធ្វើ ដើម្បី​យក​ប្រាក់​មក​ជួយ​ឪពុក​វិញ ពោល​គឺ​ឱ្យ​គាត់​ឈប់​ធ្វើ​ការ​ងារ​អា​ឈើ​នោះ​ទៀត​ទៅ៕


ប្រភព​​​​​​​​៖ Cambomag
ឪពុក​មាន​តែ​ដៃ​ម្ខាង​ខំ​អា​ឈើ​យក​លុយ​ឱ្យ​កូន​រៀន​ទាល់​តែ​ចប់ ឪពុក​មាន​តែ​ដៃ​ម្ខាង​ខំ​អា​ឈើ​យក​លុយ​ឱ្យ​កូន​រៀន​ទាល់​តែ​ចប់ Reviewed by KHMER-INSIDER on April 23, 2016 Rating: 5