កាន់តែច្បាស់ ពីការប្រែពណ៌ទឹកសមុទ្រ ទៅបៃតង នៅកែប
ផ្ដល់បទសម្ភាសន៍ជាមួយ
Sabay តាមរយៈទូរសព្ទ ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប
មានប្រសាសន៍នៅថ្ងៃនេះថា ការប្រែពណ៌ទឹកសមុទ្រទៅជាបៃតង
មិនមែនបណ្ដាលមកពីការចិញ្ចឹមខ្យងហូល លើ ទំហំផ្ទៃសមុទ្រ ១០
ហិតានៅក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ
ដូចការសង្ស័យរបស់ប្រជានេសាទនោះទេ។
ឯកឧត្ដមថ្លែងយ៉ាងដូច្នេះ៖
“ការចិញ្ចឹមខ្យងហូលមិនអាចធ្វើឱ្យទឹកសមុទ្រប្រែពណ៌ទេ។
អ្នកនេសាទហ្នឹង គាត់អត់ដឹងលក្ខណៈបច្ចេកទេសយ៉ាងម៉េចទេ […] ស្ថានភាពទឹកសមុទ្រឥលូវអត់អីទេ ធម្មតាទេ”។
ចំណែកលោក
អឹម បញ្ញារិទ្ធ មន្ត្រីមន្ទីរបរិស្ថានខេត្តកែប បានឱ្យដឹងដែរថា
ការប្រែប្រួលនៃពណ៌ទឹកសមុទ្រនេះ គឺបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ។
“មូលហេតុមិនមកពីការចិញ្ចឹមខ្យងហូលទេ។
វាជាកត្តាធម្មជាតិ ហើយយើងកំពុងតែតាមដាន ស្រាវជ្រាវបន្តដែរ តាមដានថា
វានឹងវិវត្តទៅជាយ៉ាងម៉េចទៀត។ ប៉ុន្តែបច្ចុប្បន្នដូចមិនអីទេ វា [ទឹក]
ប្រែពណ៌ដូចធម្មតាវិញ វា [ប្រែពណ៌បៃតង] តែមួយរយៈពេលក្ដៅខ្លាំង”។
ថ្មីៗនេះ
ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់ថា ការប្រែពណ៌បៃតងនៃទឹកសមុទ្រ
គឺបណ្ដាលមកពីប្រតិកម្មអាកាសធាតុជាមួយស្មៅក្នុងទឹកសមុទ្រ
ព្រោះរយៈពេលប៉ុន្មានថ្ងៃនេះ ខេត្តកែបបានឡើងកម្ដៅរហូតដល់ ៤០ អង្សាសេ
និងរាំងភ្លៀងជាង ២ ខែ ដែលបណ្តាលឲ្យកើតមានស្ថានភាពយ៉ាងដូច្នេះ។
ពេលនេះស្ថានភាពបានល្អប្រសើរ ពោលគឺទឹកសមុទ្រប្រែថ្លាល្អឡើងវិញ
ហើយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ កំពុងបន្តតាមដាន។
យ៉ាងណាមិញ
លោក គុជ វិរៈ នាយខណ្ឌរដ្ឋបាលជលផលកែបថ្លែងថា បញ្ហាដែលកំពុងរសើបនេះ
មិនបណ្ដាលមកពីការចិញ្ចឹមខ្យងហូលជាលក្ខណៈគ្រួសារចំនួន ៥ ម្ចាស់នោះទេ។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា បាតុភូតនេះបណ្ដាលមកពីប្លុងតុងមួយប្រភេទ
និងការប្រែប្រួលអាកាសធាតុក្នុងទឹក។
“ខ្ញុំចង់ជម្រាបថា
ការឡើងពណ៌ហ្នឹងអត់បណ្ដាលមកពីការចិញ្ចឹមខ្យងហូលទេ។
វាបណ្ដាលមកពីប្លុងតុងមួយប្រភេទនៅតំបន់ទឹករាក់។ ប្លុងតុងទាំងនោះ
បានវិវត្តខ្លួនទៅជាបណ្ដុំសារាយពណ៌បៃតងខ្ចី
អណ្ដែតលើផ្ទៃទឹកសមុទ្រខុសប្រក្រតី
និងមានការកើនឡើងសីតុណ្ហភាពខ្ពស់ក្នុងសមុទ្រ។ អត់មានពាក់ព័ន្ធនឹងការចិញ្ចឹមខ្យងហូលទេ។
បច្ចុប្បន្នទឹកសមុទ្រ មានសភាពល្អដូចពីមុនអ៊ីចឹង”។
លោកបានបញ្ជាក់ថា
ពិតជាមានការចិញ្ចឹមខ្យងហូលក្នុងភូមិ ឃុំ ស្រុកខាងលើមែន
ប៉ុន្តែការចិញ្ចឹមនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយក្រុមអ្នកជំនាញ
ក៏បានសិក្សា និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសច្បាស់លាស់
មិនមានផលប៉ះពាល់អ្វីឡើយ។
ជុំវិញបញ្ហានេះ
ឯកឧត្ដម អភិបាលខេត្តកែប កែន សត្ថា បានសម្ដែងការព្រួយបារម្ភថា
ការទទួលព័ត៌មានមិនច្បាស់លាស់ អាចឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍
ហើយលោកសុំឱ្យប្រជាជនតាមដាន
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានកែបឱ្យបានល្អ
ដើម្បីជៀសវាងការភ័ន្តច្រឡំ៕
ប្រភព៖ សប្បាយ
កាន់តែច្បាស់ ពីការប្រែពណ៌ទឹកសមុទ្រ ទៅបៃតង នៅកែប
Reviewed by KHMER-INSIDER
on
April 19, 2016
Rating:

មតិយោបល់