ការស្រាវជ្រាវ៖ ប្រាសាទ​អង្គរវត្ត​មាន​ទំនាក់​ទំនង​ជាមួយ​នឹង ​ព្រះ​អាទិត្យ

ភ្នំពេញៈ សាស្រ្តាចារ្យ​ជនជាតិ​អ៊ីតាលី​មួយ​រូប​បាន​ចាប់​ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​មុំ និង​អ័ក្ស​នៃ​ប្រាសាទ​អង្គរវត្ត​ដែល​ជា​និមិត្តរូប​របស់​ប្រទេស​កម្ពុជា ដើម្បី​បញ្ជាក់​នូវ​ទស្សនៈ​ដែល​មាន​​ជា​យូរ​មក​ហើយ​ថា​ ប្រាសាទ​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​លំហ​មេឃ។

លោក Giulio Magli ​សាស្រ្តាចារ្យ​ផ្នែក​បុរាណវិទ្យា និង​តារា​សាស្ត្រ​​នៃ​សាកល​វិទ្យាល័យពហុ​បច្ចេកទេស​នៃ​ទីក្រុង​ Milan បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ ​ធ្វើតេស្ត​​​​បញ្ជាក់​លើ​គំនិត​កាល​ពី​មុន ដើម្បី​​អះអាង​ថា​ ការ​បែរ​មុខ​ទៅ​ទិស​ខាង​លិច​របស់​ប្រាសាទ​នេះ​ «មាន​ទំនាក់​ទំនង​ជាមួយ​នឹង​និមិត្តរូប​របស់​ប្រាសាទ​ ក៏​ដូច​ជា​ការ​គ្រប់​គ្រង​អំណាច​របស់​បណ្តា​ក្សត្រ​ខ្មែរ»

លោក​ Magli ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ ​«​ខ្ញុំ​ជឿ​​​លើតែ​អ្វី​ដែល​ខ្ញុំ​អាច​វាស់​វែង​បាន​» ព្រម​ទាំង​បាន​ពន្យល់​ពី​គោល​បំណង​របស់​លោក​ក្នុង​ការ​គូស​ចេញ​នូវ​ប្លង់​ដែល​បរិយាយ​យ៉ាង​ល្អិត​ល្អន់​ពី​ការ​តម្រង់​ទិស​របស់​ប្រាសាទ​នេះ​ផង​ដែរ។
ដោយ​មិនបាន​ប្រើប្រាស់​ទិន្នន័យ​របស់ Google Earth និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្រ្ត ទិន្នន័យ​​​ពី​​គម្រោង Greater Angkor Project ហើយ​​​ជំនួសឲ្យ​​ការ​បង្កើត​​ទម្រង់​លំហមេឃ​​សម័យ​បុរាណ​ជាមួយ​នឹង​កម្មវិធី​​​ទំនើប​មួយ​ឈ្មោះ Stellarium លោក​បាន​រក​ឃើញ​ពី​បាតុភូត​ដែល​ព្រះ​អាទិត្យ​ត្រូវ​រលាយ​បាត់​​នៅ​ខាង​ក្រោយ​ប្រាសាទ​នៅ​​ក្នុង​ពេល​ ​សមរាត្រី (Equonoxes)។

សមរាត្រី ឬ Equinoxes សម្តៅ​​ទៅ​លើ​បាតុភូត​ដែល​ផ្ទៃ​ខ្សែ​អេក្វាទ័រ​ភព​ផែន​ដី​ត្រូវ​ឆ្លង​កាត់​ចំណុច​កណ្តាល​នៃ​ព្រះ​អាទិត្យ ដែល​កើត​ឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​ប្រហែល​ជា​ថ្ងៃ​ទី ២០ ខែ​មីនា និង​ថ្ងៃ​ទី ២៣ ខែ​កញ្ញា។ បាន​ជា​គេ​ហៅ​វា​ថា សមរាត្រី ព្រោះ​នៅ​ថ្ងៃ​នេះ ពាក់​កណ្តាល​នៃ​ភព​ផែន​ដី​ត្រូវ​នឹង​ពេល​ថ្ងៃ និង​ពាក់​កណ្តាល​ទៀត​ត្រូវ​នឹង​ពេល​យប់ (យប់​និង​ថ្ងៃ​មាន ១២ ម៉ោង​ស្មើ​គ្នា)។

លោក​បាន​បរិយាយ​ពី​បាតុភូត​នេះ​ថា ​ជា​បាតុភូត Heirophany ជា​សញ្ញា​របស់​ព្រះ​អទិទេព​ដែល​បង្កើត​ទំនាក់​ទំនង​រវាង​ប្រាសាទ​នេះ ជាមួយ​នឹង​ឋាន​កៃលាសន៍ ខណៈ​ដែល​​​ប្រាសាទ​កោះ​ដែល​ត្រូវ​បាន​កសាង​ក្នុង​បារាយណ៍​ផ្សារ​ភ្ជាប់​ក្សត្រ​ដែល​កំពុង​តែ​គ្រង​អំណាច​ជាមួយ​នឹង​អតីត​ក្សត្រ​ជា​និមិត្ត​រូប​នៃ​ការ​គ្រង់​រាជ្យ​ដោយ​ស្រប​ច្បាប់​របស់​ក្សត្រ​ទាំង​នោះ។

លោក Magli បន្ត​​ថា៖​ «សម្រាប់​រូប​ខ្ញុំ មរតក​វប្បធម៌​​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ហើយ​សំណង​ទាំង​នោះ​សុទ្ធ​តែ​មាន​សារ​បង្កប់​នៅ​ក្នុង​ទម្រង់​តារាសាស្រ្ត»

លោក បាន​រក​ឃើញ​ថា​ សំណង​ ៣១ សុទ្ធ​តែ​បែរ​ទៅ​ទិស​ខាង​លិច ​ខាង​កើត ដោយ​ត្រូវ​បាន​តម្រឹម​ក្នុង​មុំ​​ ៥ ដឺក្រេ ក៏​ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​របស់​លោក​​បាន​បង្ហើប​ថា ប្រាសាទ​ក្រៅ​តំបន់​អង្គរ​មួយ​ទៀត គឺ​ប្រាសាទ​ព្រះ​ខ័ន្ធ​​នៃ​ស្រុក​កំពង់ស្វាយ​ ខេត្ត​ព្រះវិហារ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ​ពី​អង្គរវត្ត​មាន «​ការ​លាយឡំ​លក្ខណៈ​តារាសាស្រ្ត​យ៉ាង​ច្បាស់​លាស់» ក៏ប៉ុន្តែ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ព្រះ​ច័ន្ទ ពុំ​មែន​ព្រះ​អាទិត្យ​នោះ​ឡើយ។

នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​​របស់​លោក ​ក្រោម​ចំណង​ជើង​ថា «Archaeoastronomy in the Khmer heartland» ដែល​ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​លើ​គេហទំព័រ​នៃ​បណ្ណាល័យ​សាកលវិទ្យាល័យ Cornell កាល​ពី​សប្តាហ៍​មុន លោក Giulio Magli បាន​ធ្វើ​​ការ​ច្រាន​ចោល​នូវ​គំនិត​ដែល​ថា ប្រា​សាទ​ទាំង​នោះ​មាន​មុខងារ​ជា «ប្រ​តិទិន​​ថ្ម»

អ្នកស្រី ចៅស៊ុន កិរិយា ​អ្នក​នាំ​ពាក្យ​របស់​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹងដែរ​ថា ការ​រកឃើញ​ថ្មី​នេះ បាន​រួម​ចំណែក​ទៅ​លើ​របក​គំហើញ​មុនៗ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ជុំ​វិញ​ទំនាក់​ទំនង​នៃ​ការ​សាងសង់​ប្រាសាទ​តារាសាស្រ្ត និង​គំរូ​នៃ​ព្រះ​អាទិត្យ។

អ្នកស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​រយៈ​អ៊ីម៉េល​មួយ​ថា៖ «​ពួក​គេ​ (ក្រុម​អ្នក​ស្រាវជ្រាវ) បាន​បង្ហាញ​ភស្តុតាង​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ ទី ២៣ ឬ ២៤ ខែ​មីនា ព្រះ​អាទិត្យ​តែង​តែ​ស្ថិត​​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទ​អង្គរវត្ត»«អង្គរវត្ត​ត្រូវ​បាន​សាងសង​ឡើង​ដោយ​ក្សត្រ សូរិយវរ្ម័ន​ទី ២​ ហើយ ​«សូរិយា» មាន​ន័យ​ថា​ព្រះ​អាទិត្យ»

ប្រភព៖ PhnomPenhPost
ការស្រាវជ្រាវ៖ ប្រាសាទ​អង្គរវត្ត​មាន​ទំនាក់​ទំនង​ជាមួយ​នឹង ​ព្រះ​អាទិត្យ ការស្រាវជ្រាវ៖ ប្រាសាទ​អង្គរវត្ត​មាន​ទំនាក់​ទំនង​ជាមួយ​នឹង ​ព្រះ​អាទិត្យ Reviewed by KHMER-INSIDER on April 26, 2016 Rating: 5