ប្រឹងអ៊ុតទូរសព្ទទាំងពពោះ៦ខែក្បែរផ្សារសូរិយា ដើម្បីសន្សំប្រាក់ទុកសម្រាលកូន
កំពុងអង្គុយមុខផ្សារទំនើបសូរិយា ដៃម្ខាងកាន់ទូរសព្ទ និងម្ខាងទៀតកាន់ដែកកេះដុតរោលស្កុតបិទទូរសព្ទ ចិន្តាជាជាងអ៊ុតទូរសព្ទខំប្រឹង ដើម្បីបន្តក្តីសង្ឃឹមបានប្រាក់ទុកសម្រាលកូន។
ចិន្តាដែលជាជាងអ៊ុតទូរសព្ទរយៈពេលច្រើនឆ្នាំបាននិយាយប្រាប់ សប្បាយ ទាំងទឹកមុខស្ងួតដូច្នេះថា ព្រោះតែចង់សន្សំប្រាក់មួយចំនួនទុកពេលសម្រាលកូន ទើបខ្លួនប្រឹងមកអង្គុយម៉ង់ៗអ៊ុតទូរសព្ទទាំងកំពុងពពោះ ៦ខែ។
ស្រ្តីរូបនេះថា ខ្លួននិងស្វាមីសុទ្ធតែជាជាងអ៊ុតទូរសព្ទដូចគ្នា។ កាលដំបូងឡើយ ទាំងពីរនាក់ស៊ីឈ្នួលអ៊ុតម៉ូតូនៅហាងមួយកន្លែងនៅភ្នំពេញ តែដោយការងារធ្វើការឱ្យគេបែបនេះលំបាកត្រូវប្រើកម្លាំងច្រើនហើយបានកម្រៃតិច ទើបទាំងពីរនាក់សម្រេចចិត្តផ្លាស់ប្តូររបរមកធ្វើជាងអ៊ុតទូរសព្ទជំនួសវិញ ដោយសង្ឃឹមថាឯករាជ្យនិងបានកម្រៃសមល្មមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ដោយគិតថាបើនៅតែផ្ទះមិនដឹងបានចំណូលពីណាដើម្បីជួយសម្រួលបន្ទុកស្វាមីដែលជាជាងអ៊ុតទូរសព្ទដូចគ្នា ម្ល៉េះហើយចិន្តាក៏ខំប្រឹងអង្គុយអ៊ុតទូរសព្ទតាំងពីម៉ោង ៩ព្រឹកដល់ម៉ោង ៧យប់ ដោយមួយថ្ងៃបានកម្រៃខ្ទង់ប្រហែលជាង ១០ដុល្លារ តែថ្ងៃខ្លះតិចជាងនេះក៏មាន។
ទូរសព្ទខ្លះចិន្តាយកថ្លៃអ៊ុតពី ២០០០រៀល ទៅ ៥០០០រៀលទៅតាមប្រភេទទូរសព្ទធំតូច តែយ៉ាងណាចិន្តាថាបើអ៊ុតស្គ្រីនអាចបានកម្រៃច្រើននិងងាយជាងការអ៊ុតជ័រប្លាស្ទិក ព្រោះត្រូវដុតដែកកេះក្តៅម្រាមដៃ។
រាល់ថ្ងៃចិន្តាត្រូវជួលកន្លែងមួយនៅម្តុំផ្សារទំនើបសុរិយាមួយខែថ្លៃ ៥០ដុល្លារ ដើម្បីរង់ចាំអ៊ុតស្មាតហ្វូនជូនអតិថិជន ខណៈស្វាមីធ្វើជាងអ៊ុតទូរសព្ទស៊ីប្រាក់ខែនៅហាងលក់ទូរសព្ទមួយនៅម្តុំគិរីរម្យ។
ចិន្តាបន្តថា ពេលខ្លះត្រូវអង្គុយអ៊ុតយូរ ចុកចង្កេះខ្នង និងចុកជើង តែយ៉ាងណាស្រ្តីរូបនេះប្រហែលត្រូវនៅទ្រាំអង្គុយអ៊ុតទូរសព្ទរហូតដល់ជិតគ្រប់ខែក៏មិនដឹង ដោយសម្អាងថាមកអ៊ុតទូរសព្ទនៅម្ដុំសូរិយានេះក្បែរពេទ្យ និងងាយទៅពិនិត្យពេលមានបញ្ហាអ្វីមួយ។
“ពេលខ្លះចុកចង្កេះខ្លះដែរព្រោះត្រូវអង្គុយយូរ តែចេះតែទ្រាំដើម្បីលុយ។ ការងារនេះប្រហែលត្រូវបន្តធ្វើរហូតដល់ជិតគ្រប់ខែ (ខែឧសភា) ដើម្បីសន្សំប្រាក់បានច្រើន តែក៏មិនដឹងថាអាចទ្រាំអង្គុយអ៊ុតបានប៉ុន្មានខែទៀតដែរ។
អនាគតចិន្តាថាបើមានលទ្ធភាពខ្លួននិងស្វាមីចង់បើកកន្លែងអ៊ុតម៉ូតូមួយសមល្មមផ្ទាល់ខ្លួនឬបើកតូបលក់ឥវ៉ាន់ចាប់ហួយ ដើម្បីបន្តជីវភាពទៅថ្ងៃក្រោយ៕
ប្រភព៖ សប្បាយ
ប្រឹងអ៊ុតទូរសព្ទទាំងពពោះ៦ខែក្បែរផ្សារសូរិយា ដើម្បីសន្សំប្រាក់ទុកសម្រាលកូន
Reviewed by KHMER-INSIDER
on
March 07, 2016
Rating:

មតិយោបល់