រថយន្ត២គ្រឿងបុកគ្នាដូចរឿងកុន សពមនុស្សមើលលែងស្គាល់
ខេត្តពោធិ៍សាត់ ៖ រថយន្ត២គ្រឿងបុកគ្នាលាន់កក្រើក បណ្ដាលឱ្យអ្នកបើកម្នាក់កៀបជាប់ក្នុងរថយន្តស្លាប់មើលទៅគួរឱ្យរន្ធត់ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩ និង២០នាទីព្រឹកថ្ងៃទី១៣ មីនា ២០១៦ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ បើករថយន្តដឹកអង្ករ មានទីលំនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ។ ចំណែកអ្នកបើកបររថយន្តម្ខាងទៀត មិនស្គាល់អត្តសញ្ញាណ បានចុះពីរថយន្ដគេចខ្លួនបាត់ ។
សមត្ថកិច្ចឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តដឹកអង្ករ ម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 3A-2301 ធ្វើដំណើរពីកើតទៅលិច ។ លុះដល់ចំណុចកើតហេតុ បានរេចង្កូតទៅឆ្វេងបុករះរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត ពណ៌.ស ដូចគ្នាពាក់ស្លាកលេខភ្នំពេញ 3C-7818 ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យរថយន្តដឹកអង្ករដាច់ជញ្ជាំងរថយន្តធ្លាក់ដល់ដីធ្លាយការុងអង្ករធ្លាក់ពេញថ្នល់ ។ រីឯអ្នកបើករថយន្តខ្ទេចដូចជាន់មីនតោនសុះសាច់ ដូចច្រៀកត្រីងៀត កៀបជាប់ក្នុងរថយន្តក្បាលចុះក្រោម ។
រថយន្តទាំង២គ្រឿង សមត្ថកិច្ចបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕
ប្រភព៖ កោះសន្ថិភាព
រថយន្ត២គ្រឿងបុកគ្នាដូចរឿងកុន សពមនុស្សមើលលែងស្គាល់
Reviewed by KHMER-INSIDER
on
March 15, 2016
Rating:

មតិយោបល់