សម្រេចឃុំខ្លួន ប្រធានឥណទាន មីក្រូហិរញ្ញវត្ថុ ក្លែងឯកសារ ស៊ីដាច់ប្រាក់ជិត ៣០ម៉ឺនដុល្លារ
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមីនា នេះ បានសម្រេចឃុំខ្លួន ប្រធានផ្នែកឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេឡិចធូវវិន" ដាក់ពន្ធនាគារ ដើម្បីស៊ើបអង្កេត ករណីក្លែងបន្លំ ឯកសារស៊ី ដាច់ប្រាក់ ក្រុមហ៊ុនជិត ៣០ម៉ឺនដុល្លារអាមេរិក។
ជនជាប់ចោទ ប៊ុត ចាន់វីរៈ ប្រធានផ្នែកឥណទាន នៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេឡិចធូវវិន ត្រូវបានចៅក្រម ស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួន បណ្តោះអាសន្ន បន្ទាប់ពី ត្រូវបាន ព្រះរាជអាជ្ញា ចោទប្រកាន់ពីបទឆបោក និង បទ ក្លែងបន្លំឯកសារ សាធារណៈពិសេស ដោយអភិបាល ឬបុគ្គលផ្សេងទៀត តាមមាត្រា ៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និង មាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទ ប៊ុត ចាន់វីរៈ ត្រូវបានកម្លាំងកង រាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនតាមពាក្យ បណ្ដឹងរបស់ តំណាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេឡិចធូវវិន ដោយចោទប្រកាន់ ពីបទឆបោក និងក្លែងបន្លំ ឯកសារ សាធារណៈ ដើម្បីកិបកេងប្រាក់ ក្រុមហ៊ុន ជាបន្តបន្ទាប់អស់ ប្រមាណជិត ៣០ម៉ឺនដុល្លារអាមេរិក។
តាមពាក្យបណ្តឹង របស់ជនរងគ្រោះ បានឲ្យដឹងថា លោក ប៊ុត ចាន់វីរៈ បានធ្វើសកម្មភាព កិបកេងប្រាក់ ក្រុមហ៊ុន ជាបន្តបន្ទាប់ ក្នុងអំឡុងឆ្នាំ២០១៥ ហើយប្រធាន ផ្នែកឥណទានរូបនេះ បានកិបកេង ប្រាក់ក្រុមហ៊ុន តាមរូបភាព បង្កើតឈ្មោះអតិថិជន ក្លែងក្លាយ រួចយកសំណុំឯកសារ ទៅខ្ចីប្រាក់ពីក្រុមហ៊ុន សកម្មភាពបែបនេះ បានធ្វើឡើងជាច្រើនលើក ច្រើនសារ និង ជាច្រើនសំណុំឯកសារ ដែលគិតមកដល់ចុងខែកុម្ភៈ ឆ្នាំ២០១៦ ឈ្មោះ ប៊ុត ចាន់វីរៈ បានកិបកេងប្រាក់ ក្រុមហ៊ុនអស់ប្រមាណជិត ៣០ម៉ឺនដុល្លារអាមេរិក ។
ក្រោយពីឃើញ ស្ថានភាពហាក់ដូចជា មិនប្រក្រតី ប្រធានក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេឡិចធូវវិន មាន ការសង្ស័យ ក៏បានធ្វើសវនកម្ម ក្នុងក្រុមហ៊ុនរួចមក ទើបរកឃើញថា ឈ្មោះ ប៊ុត ចាន់វីរៈ បានកិបកេងប្រាក់ ក្រុមហ៊ុនអស់ជិត ៣០ម៉ឺនដុល្លារអាមេរិក ហើយដាក់ពាក្យ បណ្ដឹងឈានដល់ ការចាប់ខ្លួនតែម្ដង៕
ប្រភព៖ ដើមអម្ពិល
សម្រេចឃុំខ្លួន ប្រធានឥណទាន មីក្រូហិរញ្ញវត្ថុ ក្លែងឯកសារ ស៊ីដាច់ប្រាក់ជិត ៣០ម៉ឺនដុល្លារ
Reviewed by KHMER-INSIDER
on
March 09, 2016
Rating:

មតិយោបល់