បឹងធំមួយនៅ តាកែវ រីងជាលើកដំបូង អ្នកស្រុកចុះចាប់ត្រីភ្លូកទឹកភ្លូកដី
អូរតុំ ដែលជាបឹងដ៏ធំនៅឃុំស្រងែ ស្រុកទ្រាំង ចម្ងាយប្រមាណ៥គីឡូម៉ែត្រភាគអាគ្នេយ៍ទីរួមខេត្តតាកែវ បានរីងស្ទើរទាំងស្រុងជាលើកដំបូង រហូតធ្វើឲ្យអ្នកស្រុករាប់រយនាក់ សម្រុកចុះចាប់ត្រី មើល ទៅច្រើនស្អេកស្កះ ខ្មៅដូចស្រមោច។
នៅពេលដំបូងៗ អូសអួនតូចៗមួយថ្ងៃៗ គេអាចចាប់ត្រីបានរាប់បាវ ឯណោះ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រីបានស្បើយពីបាតបឹងព្រោះមានអ្នកចុះចាប់ច្រើន។ ប៉ុន្តែរាល់ថ្ងៃនេះ ប្រជាជនមួយចំនួននៅតែចុះទៅចាប់បានជាហូរហែ។
ស៊ុម ផាន ស្ត្រីកសិករភូមិកន្ទួត ដែលអែបជាប់ អូតុំ ថាអូរធំនេះមិនធ្លាប់រីងបែបហ្នឹងទេ តាំងពីគាត់ធំដឹងក្ដីមក។ ជម្រៅទឹកបឹង នៅសល់ប្រមាណ៧០ទៅ៨០សង់ទីម៉ែត្រ ដែលអាចឲ្យគេចុះ អូសអួននិងប្រើឧបករណ៍នេសាទតូចៗចាប់ត្រីបាន។ អ្នកស្រីពោលថា៖ «និយាយទៅតាំងពីបែកប៉ុលពត១៩៧៩ ខ្ញុំមកនៅទីនេះ មិនដែលរីងទេបឹងហ្នឹង។ ឆ្នាំមុនហ្នឹងវាស្រកដែរ តែមិនខ្លាំងដល់អីចឹង ហើយវាបានភ្លៀងកក់ខែលឿន។ ឥឡូវហ្នឹងអត់ទេ ក្ដៅហែងតែម្ដង»។
ផាន ថាមូលហេតុដែល អូតុំ ស្រកស្ទើររីងស្ងួត ព្រោះទឹកបឹងនេះ ត្រូវអាជ្ញាធរបូមដើម្បីឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅ ឃុំស្រងែ និងធ្លក ជាដើម ធ្វើស្រែខួបប្រាំងវស្សា។ ទឹកកាន់តែស្រក មេឃក៏មិនភ្លៀង។ អ្នកស្រីថា ទឹកបឹង នឹងឡើងច្រើនវិញ បើមានភ្លៀងកកខែ តែនឹងប្រឈមរីងស្ងួត ទម្រាំដល់ខែវស្សាបើពុំមានភ្លៀងទេ។ ទឹកអូរ នេះផ្គត់ផ្គង់ច្រើនយ៉ាងដល់ប្រជាជនជនរាប់សិបភូមិ។ ផាន ខ្វល់ថាបើមិនមានភ្លៀងឆាប់ៗទេ ស្រូវមួយចំនួនអាចនឹងស្កកខូច គោក្របី ក៏នឹងគ្មានទឹកផឹក ពូជត្រីអាចដាច់ ហើយប្រជាជន ដែលអាស្រ័យទឹកបឹងនេះប្រើប្រាស់ក៏លំបាក។
ប្រភព៖ សប្បាយ
បឹងធំមួយនៅ តាកែវ រីងជាលើកដំបូង អ្នកស្រុកចុះចាប់ត្រីភ្លូកទឹកភ្លូកដី
Reviewed by KHMER-INSIDER
on
March 27, 2016
Rating:

មតិយោបល់